ព្រះសីហនុ
ចែករំលែកនៅលើ
ឧស្សាហកម្មកែច្នៃកសិផល និងកសិកម្ម ខេត្តព្រះសីហនុ
ផ្តោតសំខាន់លើការកែច្នៃផលិតផលប្រកបដោយគុណភាពខ្ពស់ដូចជា អង្ករ, ដូង, ស្វាយចន្ទី, ស្វាយ, ទុរេន ក៏ដូចជាការកែច្នៃផលិតផលវារីវប្បកម្ម (សារ៉ាយសមុទ្រ, ត្រី និងបង្គា), អាហារដែលមានមូលដ្ឋានលើផ្លែឈើ និងភេសជ្ជៈមានរសជាតិផ្លែឈើ ដែលបានមកពីការប្រមូលផលផ្លែឈើផ្ទាល់ពីខេត្តព្រះសីហនុ និងខេត្តជាប់ឆ្នេរផេ្សងទៀត។
ខេត្តព្រះសីហនុមានតួនាទីជាអ្នកដឹកនាំការផ្លាស់ប្តូរកសិឧស្សាហកម្មនៅកម្ពុជា ដោយផ្តល់ជាមូលដ្ឋានសំខាន់សម្រាប់ការកែច្នៃ និងការនាំចេញកសិផលដែលមានតម្លៃខ្ពស់។ ជាមួយនឹងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា, តំបន់ឧស្សាហកម្មទំនើប និងប្រព័ន្ធដឹកជញ្ជូនសម្បូរបែប, ខេត្តព្រះសីហនុផ្តល់ជូននូវគុណប្រយោជន៍សម្រាប់បំលែងវត្ថុធាតុដើមកសិកម្មឲ្យក្លាយជាផលិតផលដែលត្រៀមរួចសម្រាប់នាំចេញ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលតាមរយៈគម្រោង MPSEZ, ខេត្តនេះបង្ហាញពីឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិនក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងរលូន និងអាជីវកម្មកែច្នៃកសិកម្មដែលមានការភ្ជាប់ជាមួយទីផ្សារបរទេស។
វារីវប្បកម្ម
ការធ្វើវារីវប្បកម្មដែលមិនប៉ះពាល់បរិស្ថានសមុទ្រ និងការដាំសារាយសមុទ្រអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន។ គោលបំណងនៃការធ្វើវារីវប្បកម្មនៅក្នុងសមុទ្រ គឺដើម្បីកាត់បន្ថយការបំពុល និងធានានិរន្តរភាពនៃការលូតលាស់វិស័យវារីវប្បកម្ម។ ការគាំទ្ររបស់រាជរដ្ឋាភិបាលពិតជាមានសារសំខាន់ក្នុងដំណាក់កាលដំបូង។ ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតកម្មវារីវប្បកម្ម ខេត្តព្រះសីហនុចាំបាច់ត្រូវជំរុញការវិនិយោគក្នុងកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងដើម្បីកាត់បន្ថយលើការនាំចូលបច្ចេកវិទ្យាបង្កាត់ពូជ និងផលិតផលវារីវប្បកម្មពីបរទេស។
អាហារសម្រន់
របាំងទាបនៃការនាំចូលនិងការកើនជាបន្តបន្ទាប់នូវទីផ្សារផលិតកម្មអាហារសម្រន់ ផ្ដល់កាលានុវត្តភាពខ្ពស់សម្រាប់អ្នកចូលទីផ្សារថ្មី។ ជាមួយនឹងមូលដ្ឋានឧស្សាហកម្ម និងសក្តានុពលវិនិយោគ ខេត្តព្រះសីហនុមានលក្ខណៈសមស្របក្នុងការឈានចូលក្នុងវិស័យផលិតកម្មអាហារសម្រន់ហើយក្នុងដំណាក់កាលដំបូង ត្រូវផ្តោតសំខាន់លើដំណើរការកែច្នៃប្រភេទអាហារសម្រន់ជាក់លាក់ណាមួយ។
ភេសជ្ជៈ
ខេត្តព្រះសីហនុមានទីតាំងល្អក្នុងការទាញយកផលប្រយោជន៍ពីរបាំងទាបនៃការចូលមកវិនិយោគក្នុងវិស័យផលិតកម្មភេសជ្ជៈ។ ការផ្ទេរផលិតកម្មភេសជ្ជៈដែលមានរសជាតិផ្លែឈើពីតំបន់ផ្សេងទៀតបង្ហាញពីកាលានុវត្តភាពដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ។
ពាណិជ្ជកម្មកសិកម្ម
ខេត្តព្រះសីហនុ មានសក្តានុពលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មកសិកម្ម ទោះបីជាខ្វះមុខងារបែបទំនើបក៏ដោយ។ ក្នុងរយៈពេលខ្លី ខេត្តព្រះសីហនុត្រូវបង្កើតឱ្យមានទីផ្សារកសិកម្មប្រកបដោយវិជ្ជាជីវៈ។ ក្នុងរយៈពេលមធ្យម ខេត្តព្រះសីហនុត្រូវការប្រើប្រាស់ថ្នាលអនឡាញសម្រាប់ផ្តល់សេវាច្រកចេញចូលតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យាឌីជីថល។ ក្នុងរយៈពេលវែង ខេត្តព្រះសីហនុត្រូវបន្ថែមមុខងារហិរញ្ញវត្ថុ និងលើកទឹកចិត្តឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅជុំវិញកំពង់ផែ ដែលជាទីតាំងចម្បងដើម្បីជំរុញការធ្វើទំនើបកម្មផលិតកម្ម។