ចែករំលែកនៅលើ
ហេតុអ្វីវិនិយោគនៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា
ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផ្តល់ជូននូវការរួមបញ្ចូលគ្នាដ៏កម្រមួយ នៃទីតាំងយុទ្ធសាស្ត្រ, គម្រោងអភិវឌ្ឍដែលមានការគាំទ្រពីរដ្ឋាភិបាល និងសក្តានុពលសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។ ដោយមានទីតាំងបែរមុខទៅនឹងឈូងសមុទ្រកម្ពុជា និងមានព្រំប្រទល់ជាប់ប្រទេសថៃ និងវៀតណាម, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាបម្រើជាច្រកចេញចូលសមុទ្រដ៏សំខាន់ និងជាមជ្ឈមណ្ឌលទេសចរណ៍, ជំរុញ និងបង្កើនបណ្តាញតភ្ជាប់របស់កម្ពុជាជាមួយអាស៊ាន និងទីផ្សារពិភពលោក។ ជាមួយនឹងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធបែបទ្រង់ទ្រាយធំ និងការកំណត់តំបន់វិនិយោគច្បាស់លាស់ក្រោមផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, តំបន់នេះបង្ហាញពីឱកាសដ៏មានសក្តានុពលខ្ពស់ក្នុងវិស័យឡូជីស្ទីក, កម្មន្តសាល, ទេសចរណ៍ និងការអភិវឌ្ឍបៃតង។ មានការគាំទ្រដោយគោលនយោបាយ និងការសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាត្រូវបានកំណត់ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលជំរុញឱ្យតំបន់ឆ្នេរក្លាយទៅជា "ឆ្នេរសមុទ្រនៃកាលានុវត្តភាពឈានមុខគេក្នុងការអភិវឌ្ឍប្រកបដោយគុណភាពនៃប្រទេសកម្ពុជា"។
Core Investment Advantages
១
ទីតាំងយុទ្ធសាស្រ្ត
កំពង់ផែទឹកជ្រៅ៖ ចូលទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
មជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់៖ នៅជិតទីផ្សារធំៗក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម និងចិន។
ការតភ្ជាប់ការដឹកជញ្ជូនដ៏ល្អ៖ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាបានបង្កើតជាច្រកសមុទ្រយុទ្ធសាស្ត្រ និងរបៀងសេដ្ឋកិច្ចកំពុងកើនឡើងនៅតាមបណ្តោយឈូងសមុទ្រកម្ពុជា ដែលមានព្រំដែនជាប់ប្រទេសថៃ និងវៀតណាម។ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបណ្តាញតភ្ជាប់របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក។ ខេត្តព្រះសីហនុនាំមុខជាមួយនឹងកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងអាកាសយានដ្ឋានអេកូទេសចរណ៍កោះរ៉ុង ដែលទាំងអស់នេះត្រូវបានគាំទ្រដោយផ្លូវដែកដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ ទៅកាន់រាជធានីភ្នំពេញ។ ការអភិវឌ្ឍផ្លូវ និងកំពង់ផែក្នុងខេត្តកោះកុង និងខេត្តកំពត កំពុងចូលរួមជំរុញបណ្តាញតភ្ជាប់ឆ្លងព្រំដែន និងបណ្តារខេត្ត។ ខេត្តកែប ទោះបីជាមានទំហំតូចជាងគេ ប៉ុន្តែក៏ត្រូវបានកំណត់ថានឺងទទួលបានអត្ថប្រយោជន៍ពីបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងផ្លូវឆ្លងកាត់តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ, ជំរុញ និងបង្កើនតួនាទីរបស់ខ្លួនក្នុងវិស័យអេកូទេសចរណ៍, ឡូជីស្ទីកសម្រាប់វិស័យកសិកម្ម និងពាណិជ្ជកម្មតំបន់ឆ្នេរសមុទ្រ។ រួមគ្នា, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលប្រកួតប្រជែងសម្រាប់ពាណិជ្ជកម្ម, ទេសចរណ៍ និងការវិនិយោគ ដែលជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់សេដ្ឋកិច្នក្នុងតំបន់។
២
កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពុងក្លាយជាអ្នកលើកកម្ពស់កំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា, ជំរុញដោយការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជួយបង្កើនការតភ្ជាប់ និងទាក់ទាញការវិនិយោគ។ ខេត្តព្រះសីហនុកំពុងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកសំខាន់ តាមរយៈការពង្រីក SSEZ និងការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែទឹកជ្រៅ។ អាកាសយានដ្ឋានតារាសាគរ និងទីក្រុងឆ្លាតវៃនៅខេត្តកោះកុង មានគោលបំណងទាក់ទាញទុនវិនិយោគធំៗ និងវិស័យអេកូទេសចរណ័។ កំពតកំពុងអភិវឌ្ឍខ្លួនក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មធុនស្រាល និងទេសចរណ៍បែបវប្បធម៌ តាមរយៈកំពង់ផែថ្មី និងបណ្តាញតភ្ជាប់ផ្លូវទឹក ខណៈដែលខេត្តកែប ផ្តោតលើវិស័យទេសចរណ៍កម្រិតខ្ពស់ និងកសិកម្ម-ឡូជីស្ទីក, ដែលមានការតភ្ជាប់ផ្លូវ ឆ្លងកាត់តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ។ ដោយមានការគាំទ្រពីការអភិវឌ្ឍផ្លូវល្បឿនលឿន, ផ្លូវដែក និងគោលនយោបាយគាំទ្រអាជីវកម្ម, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផ្តល់ជូននូវសក្តានុពលឈានមុខគេដ៏រឹងមាំក្នុងវិស័យកម្មន្តសាល, ឡូជីស្ទីក, ទេសចរណ៍ និងវិស័យបៃតង។
មជ្ឈមណ្ឌលទេសចរណ៍៖ ខេត្តព្រះសីហនុ, កោះកុង, កំពត និងកែបកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សទៅជាតំបន់ដែលមានភាពសកម្ម, ច្រករបៀងទេសចរណ៍ដ៏រស់រវើក ដោយរួមបញ្ចូលគ្នារវាងបទពិសោធន៍ទេសចរណ៍បែបប្រណិត, អេកូទេសចរណ៍, ទេសចរណ៍បែបវប្បធម៌ និងទេសចរណ៍បែបសមុទ្រ។ ខេត្តព្រះសីហនុមានភាពលេចធ្លោជាមួយនឹងឆ្នេរសមុទ្រប្រវែង ១៨៥,៨១ គីឡូម៉ែត្រ និងកោះចំនួន ៣២ ដែលមានរមណីយដ្ឋានល្បីៗ និងលំដាប់ដូចជា Six Senses និង Song Saa Private Island។ កោះកុងមានសក្តានុពលជាច្រើនជាមួយព្រៃឈើ និងឆ្នេរសមុទ្រដែលមិនទាន់កែឆ្នៃ, តភ្ជាប់ជាមួយការអភិវឌ្ឍទីក្រុងតារាសាគរ។ ខេត្តកំពតបង្ហាញពីការរួមបញ្ចូលគ្នារវាងទេសចរណ៍បែបបេតិកភណ្ឌវប្បធម៌ជាមួយនឹងរមណីយដ្ឋានតាមបណ្តោយមាត់ទន្លេ និងតំបន់ទេសចរណ៍ដែលគួរឱ្យទាក់ទាញដូចជាឧទ្យានជាតិមុនីវង្យបូកគោ និងចម្ការម្រេច, ខណៈដែលខេត្តកែបផ្តោតលើរមណីយដ្ឋានធម្មជាតិបែបបូទិក និងកសិទេសចរណ៍។ មានការគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធថ្មីៗរួមមាន កំពង់ផែ, ផ្លូវល្បឿនលឿន និងបណ្តាញតភ្ជាប់ទៅអាកាសយានដ្ឋាន, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពុងក្លាយជាគោលដៅទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ និងមានភាពលេចធ្លោ។
កំណើនឧស្សាហកម្ម៖ តំបន់ឧស្សាហកម្មជាយុទ្ធសាស្ត្រដែលកំពុងលេចឡើងជារូបរាង នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, ជំរុញដោយតំបន់សេដ្ឋកិច្ចពិសេស (SEZs), ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងចំណាប់អារម្មណ៍របស់វិនិយោគិន។ ខេត្តព្រះសីហនុមាន SEZs ចំនួន ១១ រួមទាំង SSEZ ដែលមានជាង ២០០ ក្រុមហ៊ុន លើផ្នែកវាយនភណ្ឌ, អេឡិចត្រូនិក និងឡូជីស្ទីក។ ទីក្រុងតារាសាគរ ខេត្តកោះកុង កំពុងវិវត្តន៍ទៅជាទីក្រុងឆ្លាតវៃ ដែលរួមបញ្ចូលគ្នារវាងវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ ខេត្តកំពតកំពុងទាក់ទាញកសិឧស្សាហកម្ម និងឧស្សាហកម្មធុនស្រាល ជាមួយនឹងតំបន់ដែលកំពុងរីកចម្រើន និងការអភិវឌ្ឍកំពង់ផែឱ្យមានដំណើរការកាន់តែប្រសើរ។ ខេត្តកែបកំពុងផ្តោតលើវិស័យសំខាន់ៗដូចជា ការវេចខ្ចប់អេកូដែលមិនប៉ះពាល់ដល់បរិស្ថាន និងផលិតផលសិប្បកម្ម។ រួមគ្នា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បង្កើតបានជាច្រករបៀងឆ្នេរសមុទ្រដ៏សកម្មមួយ ដែលជំរុញដល់កំណើននៃការនាំចេញរបស់កម្ពុជា។
៣
គោលនយោបាយលើកទឹកចិត្ត
រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយពិសេស "គោលនយោបាយលើកទឹកចិត្តមូលដ្ឋាន ១ + គោលនយោបាយសម្រាប់វិស័យជាក់លាក់ ១ + គោលនយោបាយសម្រាប់តំបន់ជាក់លាក់ N" ដែលនឹងចូលរួមជំរុញការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។
-គោលនយោបាយលើកទឹកចិត្តមូលដ្ឋាន ១ សំដៅលើគោលនយោបាយលើកទឹកចិត្តដែលមានស្រាប់ រួមមានច្បាប់ស្តីពីវិនិយោគ, កម្មវិធីពិសេសជំរុញការវិនិយោគនេះអនុវត្តចំពោះខេត្តចំនួនបួនគឺ ព្រះសីហនុ, កោះកុង, កំពត និងកែប។ លើសពីនេះ ខេត្តព្រះសីហនុទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តគោលនយោបាយពិសេសក្រោមកម្មវិធីវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤-២០២៥។
-គោលនយោបាយសម្រាប់វិស័យជាក់លាក់ ១ សំដៅលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសទាំងផ្នែកពន្ធ និងមិនមែនពន្ធ (កម្មវិធីទាក់ទាញអ្នកមានជំនាញ, ការពន្លឿន និងសម្របសម្រួលអនុលោមភាព) ដើម្បីទាក់ទាញវិស័យជាក់លាក់រួមមាន កសិឧស្សាហកម្ម ទេសចរណ៍ កម្មន្តសាលកម្រិតខ្ពស់ និងវិស័យសំខាន់ៗផ្សេងទៀត។
-គោលនយោបាយសម្រាប់តំបន់ជាក់លាក់ N សំដៅលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសបន្ថែមសម្រាប់ការអភិវឌ្ឍតំបន់ជាក់លាក់ដូចជា តំបន់ពាណិជ្ជកម្មសេរី តំបន់ទេសចរណ៍ មណ្ឌលហិរញ្ញវត្ថុ តំបន់បច្ចេកវិទ្យាខ្ពស់។
៤
កម្លាំងពលកម្ម និងការងារ
កម្លាំងពលកម្មដែលមានប្រាក់ឈ្នួលសមរម្យ៖ អត្រាប្រាក់ឈ្នួលមានភាពប្រកួតប្រជែងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
កម្លាំងពលកម្មដែលមានជំនាញ៖ ការអភិវឌ្ឍធនធានមនុស្សកំពុងទទួលបានការលើកកម្ពស់ នៅទូទាំងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍឧស្សាហូបនីយកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូរដោយប្រើបច្ចេកវិទ្យាឌីជីថល។ ខេត្តព្រះសីហនុកំពុងដឹកនាំក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយភាពច្នៃប្រឌិត, វិទ្យាស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យ បន្ថែមជាមួយនឹងគោលនយោបាយក្នុងការទាក់ទាញអ្នកជំនាញដែលមានសមត្ថភាព, ខណៈពេលដែលកំពុងលើកកម្ពស់សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុង SEZs ដើម្បីបណ្តុះបណ្តាល និងបង្កើនជំនាញដល់និយោជិតឱ្យទៅជាអ្នកជំនាញបច្ចេកវិទ្យាខ្ពស់ជំនាន់ថ្មី។ ខេត្តកោះកុង និងខេត្តកំពតកំពុងសម្របសម្រួលការបណ្តុះបណ្តាលកម្លាំងពលកម្ម ឱ្យសមស្របនឹងតម្រូវការវិស័យកសិឧស្សាហកម្ម, សំណង់ និងអេកូទេសចរណ៍, ខណៈដែលខេត្តកែបផ្តោតលើការអភិវឌ្ឍសេវាផ្នែកបដិសណ្ឋារកិច្ច និងកសិកម្មប្រកបដោយនិរន្តរភាព។ ការចូលរួមសហការបណ្តុះបណ្តាលរវាងរដ្ឋ និងឯកជន និងការពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ TVET ត្រូវបានកំណត់ជាគន្លឹះក្នុងការកសាងសមត្ថភាពប្រកួតប្រជែង, និងត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការនាពេលអនាគតនៅទូទាំងតំបន់។
ចំនួនយុវជន៖ ជាមួយនឹង ៧២%នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៥ - ៥៩ឆ្នាំ, ខេត្តព្រះសីហនុមានកម្លាំងពលកម្មយ៉ាងស្វាហាប់ និងស្វះស្វែងដែលត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍។
៥
ភាពជោគជ័យ
ការវិនិយោគអន្តរជាតិ៖ អ្នកវិនិយោគអន្តរជាតិកំពុងបង្ហាញនូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះការវិនិយោគនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រក្ពុជា, ទាក់ទាញដោយទីផ្សារឧស្សាហកម្ម និងទេសចរណ៍ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ខេត្តព្រះសីហនុគឺជាខេត្តដែលនាំមុខគេដោយមាន SEZs ចំនួន ១១ និងការវិនិយោគបរទេសជាង ៨១៧ លានដុល្លារអាម៉េរិក ដែលមានការចូលរួមពីតួអង្គសំខាន់ៗដូចជា AEON Logi Plus, Accor Group - Novotel Sihanoukville Holiday Resort, Canopy Sand Development - Bay of Light Project, VINCI Airport - Sihanoukville International Airport។ល។ គម្រោងអភិវឌ្ឍដារាសាគរ នៅក្នុងខេត្តកោះកុង ដែលត្រូវបានគេចាត់ទុកថាជាគម្រោងរួមបញ្ចូលដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តទាក់ទាញការវិនិយោគធំៗពីភាគីចិន។ ខេត្តកំពតកំពុងមើលឃើញសន្ទុះក្នុងវិស័យកសិឧស្សាហកម្ម ទេសចរណ៍ និងផលិតកម្មបៃតង, ខណៈដែលខេត្តកែបកំពុងក្លាយជាគោលដៅសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគលើគម្រោងកសិកម្មប្រកបដោយចីរភាព។
ភាពជោគជ័យក្នុងស្រុក៖ មូលធនអន្តរជាតិ កំពុងជំរុញសហគ្រាសក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន នៅក្នុងរបៀងសេដ្ឋកិច្ចខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ នៅខេត្តព្រះសីហនុ, ដំណើរការអភិវឌ្ឍឧស្សាហកម្មក្នុង SEZ បានបង្កើតការងារជាង ៣០.០០០ កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក, ជំរុញការអភិវឌ្ឍក្នុងវិស័យសេវាកម្ម, លំនៅដ្ឋាន និងអាជីវកម្មខ្នាតតូច។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតារាសាគរ ខេត្តកោះកុង កំពុងជំរុញការរីកចម្រើនវិស័យសំណង់ក្នុងស្រុក, ការលក់រាយ និងសេវាកម្មគាំទ្រដល់សេដ្ឋកិច្ច។ ខេត្តកំពត និងខេត្តកែបកំពុងមើលឃើញការកើនឡើងនៃអាជីវកម្មទេសចរណ៍ជាលក្ខណៈគ្រួសារ, ផលិតកម្មសិប្បកម្មបែបប្រពៃណី និងការកែច្នៃអាហារដែលផ្អែកលើធនធានកសិកម្ម។ គំរូនៃការរីកចម្រើននេះ កំពុងជំរុញការលើកកម្ពស់ការអភិវឌ្ឍដែលមានការចូលរួមចំណែកបន្ថែមពីសហគមន៍នៅក្នុងទីក្រុង និងតំបន់ជនបទ។
សក្ខីកម្ម៖ ទំនុកចិត្តរបស់វិនិយោគិនចំពោះខេត្តជាប់ឆ្នេរសមុទ្រកម្ពុជានៅតែបន្តរឹងមាំ ដែលបង្ហាញឱ្យឃើញតាមរយៈការពង្រីកការអភិវឌ្ឍ SEZs ជាបន្តបន្ទាប់, រួមទាំងតំបន់ថ្មីដែលកំពុងអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការកំណើននៃវិនិយោគិន។ សហគ្រាសនៅក្នុងខេត្តកោះកុង បានលើកឡើងពីលទ្ធភាពដីដែលមានស្រាប់សម្រាប់ការវិនិយោគ, ការរៀបចំផែនការរយៈពេលវែង និងលទ្ធភាពដឹកជញ្ជូនឆ្លងដែន គឺជាចំណុចសំខាន់ក្នុងការទាក់ទាញការវិនិយោគ។ វិនិយោគិននៅខេត្តកំពត និងខេត្តកែប បានបង្ហាញថាតំបន់នេះមានភាពងាយស្រួលក្នុងការរស់នៅ, វិស័យទេសចរណ៍កំពុងមានការរីកចម្រើន និងមានកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាពអាចបណ្តុះបណ្តាលបាន។ ដោយផ្អែកលើសក្តានុពលធម្មជាតិ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយដែលគាំទ្រដោយរដ្ឋាភិបាល, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានកំណត់ទីតាំងយ៉ាងច្បាស់ដែលមានសក្តានុពល សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងរយៈពេលវែង។
៦
អត្ថប្រយោជន៍នៃការរស់នៅ
ការរស់នៅតាមឆ្នេរសមុទ្រ៖ ឆ្នេរដ៏ស្រស់ស្អាត, រីសត និងបរិក្ខារទំនើបៗ។
ការពង្រីកសមាគមន៍ជនបរទេស៖ ដោយផ្តល់ជូននូវជម្រើសនៃរបៀបរស់នៅ, តម្លៃសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានការរីកចម្រើន, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់ជនបរទេស និងអ្នកចូលនិវត្តន៍។ ខេត្តព្រះសីហនុមានភាពលេចធ្លោ ដោយមានសាលាអន្តរជាតិ, សេវាសុខាភិបាលដែលមានគុណភាព, កន្លែងកម្សាន្ត និងជម្រើសលំនៅឋានសម្រាប់អ្នកចូលនិវត្តន៍ជាច្រើនប្រភេទ។ ខេត្តកោះកុងក៏កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅតំបន់ជិតព្រំដែនថៃ និងតំបន់ទេសចរណ៍ធម្មជាតិ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនជាបន្តបន្ទាប់។ ខេត្តកំពត និងខេត្តកែប ជាទិសដៅសម្រាប់ទាក់ទាញអ្នកដែលកំពុងស្វែងរកបរិយាកាសបែបស្ងប់ស្ងាត់, មានទេសភាពស្រស់ស្អាតជាមួយនឹងការរស់នៅតាមមាត់ទន្លេ និងកន្លែងសម្រាកលំហែកាយ។ រួមគ្នា, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បង្ហាញពីសក្តានុពលខ្លាំងសម្រាប់ការរស់នៅ និងការវិនិយោគរយៈពេលវែង។
ការរស់នៅដែលមានតម្លៃសមរម្យ៖ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផ្តល់ជូននូការចំណាយសម្រាប់ការរស់នៅទាបជាងទីក្រុងធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជាចម្រើសដ៏ល្អសម្រាប់អ្នកស្នាក់នៅ, អ្នកចូលនិវត្តន៍ និងអាជីវកម្ម។ ខេត្តព្រះសីហនុផ្តល់ជូននូវការរស់នៅក្នុងទីក្រុងដែលមានតម្លៃសមរម្យ ជាមួយនឹងលទ្ធភាពទទួលបានសេវាអន្តរជាតិសម្រាប់ប្រជាពលរដ្ឋនិងវិនិយោគិន, ខណៈដែលខេត្តកោះកុងផ្តល់ជូននូវសក្តានុពលសម្រាប់ការរស់នៅដែលមានចំណាយទាប ជាមួយនឹងឱកាសឆ្លងព្រំដែនដែលកំពុងមានការលូតលាស់ ។ ខេត្តកំពត និងខេត្តកែប ផ្តល់ជូននូវការរស់នៅបែបសាមញ្ញៗ និងមានថ្លៃចំណាយសមរម្យ។ រួមគ្នា, ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផ្តល់នូវភាពទាក់ទាញនៃជីវភាពដែលមានថ្លៃចំណាយសមរម្យ និងគុណភាពនៃជីវិត។
ខេត្តព្រះសីហនុ, កោះកុង, កំពត និងកែប គឺជាខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងឱកាសវិនិយោគដ៏ទាក់ទាញ។ សក្តានុពលរបស់ខេត្តទាំងបួននេះគឺ ជាកន្លែងដែលដីជួបនឹងឱកាសគ្មានដែនកំណត់, ទេសភាពធម្មជាតិដ៏អស្ចារ្យ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដ៏ល្អសម្រាប់ទេសចរណ៍, ពាណិជ្ជកម្ម, ការអភិវឌ្ឍឧស្សាហកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព។