សូមស្វាគមន៍មកកាន់ខេត្តកំពត
សូមស្វាគមន៍មកកាន់ខេត្តកំពត
សូមស្វាគមន៍មកកាន់ខេត្តកំពត
វិស័យអាទិភាព

ដោយសារទីតាំងភូមិសាស្ត្រជាប់ជាមួយនឹងព្រំដែនប្រទេសវៀតណាម និងតភ្ជាប់ទៅព្រែកជីកហ្វូណនតេជោ ខេត្តកំពតមានទីតាំងដ៏ល្អឥតខ្ចោះក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន រួមមាន កសិឧស្សាហកម្ម, ទេសចរណ៍វប្បធម៌, ការកែច្នៃនិងពាណិជ្ជកម្មឆ្លងព្រំដែន និងឧស្សាហកម្មសម្ភារសំណង់។ លើសពីនេះ ជាមួយនឹងលក្ខខណ្ឌកំពង់ផែ និងសណ្ឋានដីដែលមានស្រាប់ ខេត្តកំពតមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍរោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈ។

ទេសចរណ៏

នៅក្នុងវិស័យទេសចរណ៍, ខេត្តកំពតជាខេត្តជាប់ឆ្នេរសមុទ្រមួយក្នុងចំណោមខេត្តទាំងបួនរបស់ប្រទេសកម្ពុជា,  ពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូរបែបដែលធ្វើឲ្យខេត្តនេះមានអត្តសញ្ញាណផ្ទាល់ខ្លួន, មានភាពទាក់ទាញប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ។ មានទីតាំងជាយុទ្ធសាស្ត្រនៅភាគនិរតី, ខេត្តនេះមានផ្លូវតភ្ជាប់យ៉ាងរលូនទៅកាន់ទីក្រុងសំខាន់ៗ រួមទាំងរាជធានីភ្នំពេញ, ធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិកាន់តែមានភាពងាយស្រួល។ កំពត​មាន​កន្លែង​ទេសចរណ៍​សរុប​ចំនួន ៤១ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ និង​មាត់ទន្លេ​។ តំបន់ទាំងនេះត្រូវបានបន្ថែមនូវធម្មជាតិដ៏ស្រស់បំព្រងបន្ថែមទៀត ដោយតំបន់ទេសចរណ៍ធម្មជាតិ នៅលើបណ្តាកោះជិតៗ និងនៅតាមជួរភ្នំជុំវិញ, ផ្តល់ជូនជម្រើសទេសចរណ៍បែបធម្មជាតិជាច្រើន និងច្រករបៀងទេសចរណ៍បៃតង ដែលបុំពេញតម្រូវការអ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តការផ្សងព្រេង។

ខេត្តកំពតផ្តល់ជូននូវការរូមបញ្ចូលគ្នារវាងវប្បធម៌ និងប្រវត្តិសាស្ត្រ, គោលដៅទេសចរណ៍ និងវិនិយោគដ៏ទាក់ទាញនេះ សូមអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនមកស្វែងយល់អំពីស្ថាបត្យកម្មអាណានិគមបារាំង, ប្រាសាទបុរាណ និងចំការម្រេចដ៏ល្បីឈ្មោះលើពិភពលោក។ តំបន់ទេសចរណ៍សំខាន់ៗរួមមាន ឋានសួគ៌ភ្នំបូកគោ, ភ្នំឈ្ងោក និងល្អាងកំពង់ត្រាច។ ភ្ញៀវទេសចរអាចរៀនសូត្រពីទំនៀមទំលាប់ប្រពៃណីនៅតាមភូមិជាប់មាត់ទន្លេ, ស្ចែងយល់ពីវាលអំបិលប្រពៃណី និងដើរលេងក្នុងផ្សារក្នុងស្រុកដើម្បីទទួលបានបទពិសោធន៍វប្បធម៌ជាក់ស្តែង ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត។ 

ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ

ខេត្តកំពតផ្តល់ជូននូវលក្ខណៈពិសេសនៃវប្បធម៌ និងប្រវត្តិសាស្ត្រ, ដោយអញ្ជើញភ្ញៀវទេសចរឱ្យបានស្គាល់ពីទីតាំងសំខាន់ៗ និងនិងទំនៀមទម្លាប់បុរាណរបស់ខេត្តកំពត។ ទីតាំងសំខាន់ៗរួមមានស្ថាបត្យកម្មអាណានិគមបារាំងនៃទីរួមខេត្តកំពត, ប្រាសាទភ្នំឈ្ងោក, ល្អាងកំពង់ត្រាច និងឋានសួគ៌ភ្នំបូកគោ។ ភ្ញៀវទេសចរអាចចូលរួមក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក ដោយធ្វើដំណើរស្វែងយល់អំពីស្រែអំបិលបុរាណ, ចូលរួមជាមួយអ្នកភូមិលើទឹក និងដើរលេងតាមទីផ្សារក្នុងស្រុក។ ជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏អស្ចារ្យ, តំបន់នេះផ្តល់ជូននូវដំណើរកម្សាន្ដដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ជាក់ស្តែង និងមានអត្ថន័យ។

កសិ-អេកូទេសចរណ៍

កំពតមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារម្រេចដែលមានគុណភាពខ្ពស់ និងប្រពៃណីកសិកម្មដ៏សម្បូរបែប។ នៅក្នុងតំបន់ទេសចរណ៍ កសិ-អេកូ ភ្ញៀវទេសចរអាចស្ចែងយល់ពីជីវិតបែបជនបទតាមរយៈការទស្សនាចម្ការម្រេច, ចម្ការផ្លែឈើ និងកសិដ្ឋានសរីរាង្គ។ បទពិសោធន៍ដែលភ្ញៀវទេសចរគួរសាកមានដូចជា​ ការភ្លក់រសជាតិរបស់ម្រេចកំពត, អាហារពីកសិដ្ឋាន, និងការស្នាក់នៅតាមសហគមន៍ភូមិអេកូធម្មជាតិ ផ្តល់នូវអារម្មណ៍ជិតស្និទ្ធជាមួយនឹងប្រជាជនក្នុងតំបន់។ តំបន់នេះលើកស្ទួយដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ហើយផ្តល់ជូននូវបទពិសោធន៍ដំណើរកម្សាន្តប្រកបដោយអត្ថន័យ និងការអប់រំ។

ទេសចរណ៍លើភ្នំ និងផ្សងព្រេង

សម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកចង់ស្វែងរកការផ្សងព្រេង, ឧទ្យានជាតិព្រះមុនីវង្សបូកគោគឺជាតំបន់ភ្នំ និងតំបន់ផ្សងព្រេងដែលផ្តល់ជូននូវជម្រើសសកម្មភាពយ៉ាងច្រើនប្រភេទ។ សកម្មភាពទាំងនោះមានដូចជា ការដើរឡើងភ្នំតាមព្រៃឈើ និងផ្លូវជិះកង់, ការទស្សនាសត្វព្រៃ និងការបោះតង់, តំបន់នេះនឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានភាពជិតស្និតជាមួយនឹងធម្មជាតិឡើងវិញ។ ភ្នំបូកគោក៏មានកន្លែងស្នាក់នៅបែបអេកូ, កន្លែងសម្រាកលំហែកាយ និងកន្លែងធ្វើសមាធិ ដែលជួយដល់សុខភាពផ្លូវចិត្ត និងការយល់ដឹងអំពីបរិស្ថាន។ នេះគឺជាទិសដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលកំពុងស្វែងរកដំណើរផ្សងព្រេងបែបស្រួលៗ និងការសម្រាកបែបស្ងប់ស្ងាត់។

ទេសចរណ៍ MICE និងតំបន់ទេសចរណ៍ច្នៃប្រឌិត

កំពតកំពុងក្លាយជាទីតាំងដ៏ច្នៃប្រឌិត និងបំផុសគំនិតដល់ទេសចរណ៍សម្រាប់អាជីវកម្មខ្នាតតូច។ ទេសចរណ៍ MICE និងតំបន់ទេសចរណ៍ច្នៃប្រឌិត ផ្តល់នូវកន្លែប្រជុំងសន្និសីទបែបបូទិក និងបរិយាកាសការងាររដែលល្អបំផុតសម្រាប់ការប្រជុំ, ដំណើរកម្សាន្តសម្រាប់ លើកទឹកចិត្តដល់បុគ្គលិក, ការសម្រាកបែបស្ងប់ស្ងាត់ និងការតាំងពិពណ៌។ ជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ និងទេសភាពជុំវិញដ៏គួរឱ្យទាក់ទាញ, ខេត្តកំពតផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកជំនាញ, សហគ្រិន និងអ្នកច្នៃប្រឌិតដែលចង់ទទួលបានទាំងផលិតភាពក្នុងការងារ និងការសម្រាកលំហែកាយ។

កិសិឧស្សាហម្ម និងកសិកម្ម

ក្នុងវិស័យកសិកម្ម ខេត្តកំពតមានសក្តានុពលក្នុងការអភិវឌ្ឍបន្ថែមលើការកែច្នៃវត្ថុធាតុដើមកសិកម្មដែលមានប្រភពមកពីខេត្តកែប និងក្នុងខេត្តកំពតផ្ទាល់ដូចជា ម្រេច, អំបិល និងគ្រឿងសមុទ្រ។ ការកែច្នៃដំបូងនេះអាចរួមបញ្ចូលជាមួយនឹងការកែច្នៃកម្រិតខ្ពស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតខ្សែសង្វាក់កសិឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងគោលបំណងបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ខេត្តកំពតគឺជាមជ្ឈមណ្ឌលកសិឧស្សាហកម្មដែលកំពុងរីកចម្រើន, ​មានកេរ្តិ៍ឈ្មោះល្បីលើពិភពលោកដោយសារតែមានម្រេច និងស្ករត្នោតដែលទទួលបានវិញ្ញាបនបត្រ GI។ ខេត្តនេះមានផលិតផលនាំចេញដែលមានតម្លៃខ្ពស់រួមមាន គ្រឿងទេសកម្រិតខ្ពស់, អំបិល, ផ្លែឈើត្រូពិច និងផលិតផលពីដូង។ ដោយអ្នកផលិតកំពុងអភិវឌ្ឍខ្លួនសម្រាប់ការចូលទៅកាន់ទីផ្សារថ្នាក់ខ្ពស់ ហើយហេដ្ឋារចនាសម្ព័ន្ធក៏កំពុងមានការកែលម្អបន្ថែមផងដែរ, ខេត្តកំពតមានទីតាំងដ៏ល្អ សម្រាប់ធ្វើជាច្រកយុទ្ធសាស្ត្រតភ្ជាប់ផលិតកម្មកសិកម្មទៅកាន់បណ្តាញនាំចេញសកល។ ជាមួយនឹងភាពត្រឹមត្រូវ, ភាពសម្បូរបែបនៃផលិតផល និងសក្តានុពលក្នុងការទទួលយកការវិនិយោគ បានធ្វើឲ្យខេត្តនេះជាទីតាំងដ៏ដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដែលមានតម្លៃបន្ថែម។

ផលិតផលគ្រឿងទេស និងឱសថ

ខេត្តកំពតត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ម្រេចកំពតថ្នាក់ខ្ពស់ ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI), និងកំពុងស្វែងរកឱកាសកែច្នៃសម្រាប់ឱសថ និងគ្រឿងទេសផ្សេងៗទៀត។ ការវិនិយោគលើបច្ចេកវិទ្យាសម្ងួត, ការកិន និងការបញ្ចូលជាសារធាតុ (infusion) ជួយជំរុញឱ្យខេត្តកំពតរីកចម្រើមឡើងក្នុងខ្សែសង្វាក់តម្លៃបន្ថែម។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ការកែច្នៃគ្រឿងទេស និងជម្រុញការចូលរួមវិនិយោគពីវិស័យឯកជនក្នុងការកែច្នៃគ្រឿងទេសដែលមានតម្លៃបន្ថែមខ្ពស់ អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែងបានបន្ថែមទៀត។

ផលិតផលដែលមានមូលដ្ឋានលើផ្លែឈើ

ដីមានជីជាតិ និងលក្ខខណ្ឌបរិយាកាសរបស់ខេត្តកំពត បានជួយដល់ការប្រមូលផលផ្លែស្វាយ, ទុរេន, ខ្នុរ និងចេក, ដែលមានសក្តានុពលខ្ពស់សម្រាប់ការកែច្នៃជាទឹកផ្លែឈើ, ផ្លែឈើក្រៀម និងជែលធ្វើពីផ្លែឈើ។ ការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការបន្ទាប់ពីការប្រមូលផលដូចជា ការដឹកជញ្ជូនត្រជាក់, មន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាវេចខ្ចប់ដែលងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ នឹងជួយកាត់បន្ថយការខូចគុណភាព និងបង្កើនទិន្នផលកែច្នៃ។ ភាពជាដៃគូររវាងរដ្ឋ និងឯកជនក៏អាចជួយក្នុងការផ្តល់វិញ្ញាបនបត្រ និងបង្កើតម៉ាកសញ្ញាផលិតផលផ្លែឈើត្រូពិចកំពតសម្រាប់ការនាំចេញផងដែរ។

ផលិតផលពិសេសក្នុងស្រុក

វិស័យកសិឧស្សាហកម្មរបស់ខេត្តកំពត កំពុងមានសក្តានុពលខ្លាំងដោយសារផលិតផលធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន, ផលិតផលធ្វើដោយដៃ ដែលមានសមត្ថភាពទាក់ទាញទៅកាន់ទីផ្សារដែលផ្តោតលើអនាម័យសុខភាព និងទីផ្សារថ្នាក់ខ្ពស់។ ការកែច្នៃផ្លែដូងកំពុងវិវ្ឍន៍ទៅដល់ការផលិតប្រេងដូងធម្មជាតិ, នំបន្ទះដូង និងទឹកដូងដាក់ក្នុងដប ដែលស្របទៅនឹងតម្រូវការផលិតផលដែលមានអនាម័យរបស់ទីផ្សារអន្តរជាតិ, និងមានមូលដ្ឋានលើរុក្ខជាតិ។ ការពង្រឹងស្តង់ដារ និងបច្ចេកទេសវេចខ្ចប់ អាចជួយបង្កើតឱកាសចូលទៅកាន់ទីផ្សារលក់រាយលំដាប់ខ្ពស់ និងពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់អ្នកផលិតក្នុងស្រុក។ ខេត្តកំពតគឺជាអ្នកផលិតអំបិលសមុទ្រដែលមានគុណភាពខ្ពស់ រួមទាំង "ផ្កាអំបិល" ដែលកម្រ, ប្រមូលផលដោយដៃ, ដែលត្រូវបានមេចុងភៅទូទាំងពិភពលោកទទួលស្គាល់ពីគុណភាព។ ខេត្តកំពតក៏មានឧស្សាហកម្មផលិតទឹកត្រី ដែលមានការកំពុងរីកចម្រើន, ដោយយកអំបិលកំពតមកដំណើរការវិធីសាស្រ្តបែបប្រពៃណីបុរាណ ដើម្បីបង្កើតជាផលិតផលដែលមានរសជាតិឆ្ងាញ់ ដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញតម្រូវការទាំងក្នុងស្រុក និងការនាំចេញ។ ជាមួយនឹងការវិនិយោគផ្តោតលើម៉ាកយីហោ, ការគ្រប់គ្រងគុណភាព និងការកែច្នៃខ្នាតតូច, ផលិតផលឯកទេសរបស់ខេត្តកំពតមានសក្ដានុពលខ្ពស់ក្នុងការលើកស្ទួយប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ និងចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

វិស័យកម្មន្តសាលសម្រាប់នាំចេញ

ខេត្តកំពតកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតកម្មឯកទេស ដោយផ្អែកលើតំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែកំពត។ ខេត្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាខេត្តដែលមាន​មូលដ្ឋាន​រឹង​មាំ​ក្នុងការផលិត​សម្ភារ​សំណង់ជា​ពិសេស​​ ​ស៊ីម៉ងត៍ និង​ឥដ្ឋដែល​គាំទ្រ​ដោយ​ធនធាន​រ៉ែ​ធម្មជាតិដ៏​សម្បូរ​បែប។ ឧស្សាហកម្មស៊ីម៉ងត៍របស់ខេត្តកំពតដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការជាតិ, ធ្វើឲ្យខេត្តនេះក្លាយជាអ្នករួមចំណែកដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា។ វិស័យលេចធ្លោផ្សេងទៀតរួមមានការផលិតអំបិលសមុទ្រ និងការកែច្នៃផលិតផលកសិផល។ ក្នុងខណៈដែលសកម្មភាពឧស្សាហកម្មកំពុងរីកចម្រើន, ការបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង, ការថែទាំសុខភាព និងបរិក្ខារសាធារណៈនឹងមានសារៈសំខាន់សម្រាប់គាំទ្រ និងទ្រទ្រង់ការពង្រីកឧស្សាហកម្មរយៈពេលវែងរបស់ខេត្តកំពត។

ការជីកយករ៉ែ និងលោហធាតុ

ខេត្តកំពត​មាន​សក្តានុពល​ឧស្សាហកម្ម​យូរអង្វែង​ក្នុង​ការ​រុក​រក​រ៉ែ និង​ការ​ផលិត​ទាក់ទង​នឹង​លោហៈ, ជាពិសេស​ក្នុងការផលិត​ស៊ីម៉ងត៍, ថ្មកំបោរ និងវត្ថុធាតុដើមសំណង់ផ្សេងទៀត។ ជាមួយនឹងធនធានរ៉ែដ៏សម្បូរបែប ជាពិសេសថ្មកំបោរសម្រាប់ផលិតស៊ីម៉ងត៍ និងសម្ភារៈសំណង់, ខេត្តកំពតមានអាជីវកម្មជាច្រើនកំពុងដំណើរការវិស័យនេះស្រាប់ និងផ្តល់ឱកាសសម្រាប់ការវិនិយោគបន្ថែមនៅក្នុងដំណាក់កាលបន្តទៀត។ ឱកាសមាននៅក្នុងការផលិត clinker, សារធាតុបំបែកសម្រាប់សំណង់ និងសម្ភារៈ prefabricated សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងគម្រោងសាងសង់លំនៅដ្ឋាន។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការវិនិយោគនាពេលអនាគតក្នុងវិស័យនេះគួរតែស្របតាមការការពារបរិស្ថាន និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង។ ទីតាំងយុទ្ធសាស្ត្រជាមួយនឹងវត្ថុធាតុដើមដែលមានស្រាប់ ធ្វើឱ្យខេត្តកំពតក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំណង់ក្នុងស្រុក និងពាណិជ្ជកម្មឆ្លងព្រំដែនរបស់កម្ពុជា។

កាត់ដេរ និងវាយនភណ្ឌ

កំពតកំពុងលេចចេញជាទីតាំងដ៏ទាក់ទាញមួយសម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ, ជាពិសេសសម្រាប់ប្រតិបត្តិការខ្នាតតូច និងមធ្យម ដែលកំពុងស្វែងរកដី និងតម្លៃពលកម្មទាប។ ដោយមានទីតាំងនៅជិតក្រុងព្រះសីហនុ និងកំពង់ផែក្នុងតំបន់ អាចផ្តល់ឱកាសដល់ការនាំចូល និងនាំចេញប្រកបដោយប្រសិទ្ធភាព, ខណៈដែលការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងដំណើរការ ធ្វើឱ្យតំបន់ឧស្សាហកម្មអាចចូលដំណើរការបានកាន់តែច្រើន។ កម្លាំងពលកម្មដែលអាចបណ្តុះបណ្តាលបាន និងការចំណាយលើសេវាសាធារណៈទាប គាំទ្រដល់ការបង្កើតរោងចក្រកាត់ដេរ (CMT) ផ្តោតលើវិស័យម៉ូដ ឬផ្នែកវាយនភ័ណ្ឌអេកូ។ ជាមួយនឹងការលើកទឹកចិត្តវិនិយោគត្រឹមត្រូវ និងការគាំទ្រការអនុលោមតាមច្បាប់, ខេត្តកំពតអាចបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងជាតិដើម្បីធ្វើពិពិធកម្មតំបន់ផលិតកម្មកាត់ដេរ និងជួយសម្រួលដល់ការកកស្ទះក្នុងតំបន់សេដ្ឋកិច្ចពិសេស។

អាហារ និងភេសជ្ជៈ

វិស័យកែច្នៃម្ហូបអាហារ និងភេសជ្ជៈគឺស្ថិតនៅជួរមុខនៃកំណើនវិស័យកម្មន្តសាលរបស់ខេត្តកំពត, ជំរុញដោយមូលដ្ឋានកសិកម្មដ៏រឹងមាំរបស់ខេត្ត និងមានកេរ្តិ៍ឈ្មោះល្បីជាសកលសម្រាប់ផលិតផលលំដាប់ថ្នាក់ពិភពលោកដូចជា ម្រេចកំពត, អំបិលសមុទ្រ និងផ្លែឈើត្រូពិច។ វិនិយោគិនអាចចូលទៅក្នុងទីផ្សារពិសេស, ឱកាសនាំចេញដែលមានតម្លៃខ្ពស់ រួមទាំងគ្រឿងទេសសរីរាង្គ, អាហារសម្រន់ដែលរួចរាល់សម្រាប់បរិភោគ និងភេសជ្ជៈដបដែលជាតម្រូវការសម្រាប់ទីផ្សារក្នុងតំបន់ និងអឺរ៉ុប។ មានសក្តានុពលខ្លាំងក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នាជាមួយកសិករ និងសហករណ៍ក្នុងស្រុក, គាំទ្របានដោយគំនិតផ្តួចផ្តើមសម្រាប់ការទទួលសញ្ញាបត្រសុវត្ថិភាពអាហារ និងការជួយសម្រួលការនាំចេញ។ ជាមួយនឹងការពង្រីកការដឹកជញ្ជូនត្រជាក់ និងការបង្កើនលទ្ធភាពទទួលបានថាមពលប្រកបដោយនិរន្តរភាព, ខេត្តកំពតមានទីតាំងល្អសមស្របក្នុងការក្លាយជាមជ្ឈមណ្ឌលកែច្នៃកម្ហូបអាហារឈានមុខគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រកម្ពុជា។

ទាក់ទងនឹងកៅស៊ូ

ចម្ការកៅស៊ូសំខាន់ៗរបស់ខេត្តកំពត និងបរិមាណប្រមូលផលដែលកំពុងកើនឡើង បង្កើតមូលដ្ឋានគ្រឹះធម្មជាតិសម្រាប់ឧស្សាហកម្មផលិតកៅស៊ូ។ ខេត្តកំពតផ្តល់ឱកាសក្នុងការបង្កើនតម្លៃបន្ថែមក្នុងស្រុកលើផលិតផលដូចជា បន្ទះកៅស៊ូ, សំបកកង់, ស្បែកជើង, ស្រោមដៃ និងគ្រឿងបន្លាស់រថយន្ត។ នៅពេលដែលអ្នកទិញទូទាំងពិភពលោកកំពុងកើនឡើងក្នុងការស្វែងរកទីតាំងផ្គត់ផ្គង់ដែលមានភាពចម្រុះ និងមានស្ថិរភាព, ប្រព័ន្ធ GSP របស់កម្ពុជាទៅកាន់ទីផ្សារដូចជាសហភាពអឺរ៉ុប ជួយពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញទំនិញដែលមានមូលដ្ឋានលើកៅស៊ូ។ ការវិនិយោគក្នុងបរិក្ខារកែច្នៃ និងកម្មវិធីបណ្ដុះបណ្ដាលជាក់លាក់តាមវិស័យឧស្សាហកម្ម ធ្វើឱ្យខេត្តកំពតអាចឈានឡើងនូវខ្សែសង្វាក់តម្លៃកៅស៊ូ, ក្នុងខណៈដែលប្រើប្រាស់អត្ថប្រយោជន៍រួមជាមួយខេត្តផ្សេងទៀតក្នុងតំបន់ឆ្នេរសមុទ្រ។

គីមីឥន្ធនៈ និងថាមពល

ខេត្តកំពតផ្តល់ឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិនលើថាមពលបៃតង និងឡីជីស្ទីកគីមីឥន្ធនៈ។ ដោយមានភ្នំបូកគោត្រូវបានកំណត់ថា ជាតំបន់ផលិតថាមពលខ្យល់ឈានមុខគេមួយនៅកម្ពុជា និងមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរបែបនៅទូទាំងតំបន់ទំនាបរបស់ខ្លួន, ខេត្តកំពតមានទីតាំងល្អឥតខ្ចោះក្នុងការផ្គត់ផ្គង់ថាមពលស្អាតដល់តំបន់ឧស្សាហកម្មឆ្នេរ និងកំពង់ផែដែលកំពុងរីកចម្រើន។ គម្រោងកំពង់ផែរទឹកជ្រៅនឹងពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលនាពេលអនាគតសម្រាប់ឃ្លាំងភណ្ឌាគារស្តុកប្រេងឥន្ធនៈ និងការចែកចាយថាមពលឆ្លងព្រំដែន ដោយប្រើអត្ថប្រយោជន៍ពីទីតាំងជិតក្រុងព្រះសីហនុ និងប្រទេសវៀតណាម។ លើសពីនេះ ឧស្សាហកម្មស៊ីម៉ងត៍ និងមូលដ្ឋានកសិកម្មរបស់ខេត្តកំពតបង្កើតឱកាសសម្រាប់ដំណោះស្រាយថាមពលផលិតពីសំណល់ និងថាមពលជីវម៉ាស។ សម្រាប់វិនិយោគិនដែលកំពុងស្វែងរកទីតាំងយុទ្ធសាស្រ្តជាមួយនឹងសក្តានុពលកកើតឡើងវិញ និងតម្លៃឡូជីស្ទីក ខេត្តកំពតជាវេទិកាពិសេសតែមួយគត់នៅក្នុងច្រករបៀងកំណើនឆ្នេរសមុទ្រកម្ពុជា។

ឡូជីស្ទីកស្តុកប្រេង និងឥន្ធន

ខណៈពេលដែលខេត្តកំពតមិនទាន់ធ្វើជាម្ចាស់ផ្ទះនៃការចម្រាញ់ប្រេង ឬប្រតិបត្តិការគីមីឥន្ធនៈដ៏ធំនៅឡើយ, ដោយមានទីតាំងនៅជិតក្រុងព្រះសីហនុ និងព្រំដែនប្រទេសវៀតណាម ធ្វើឱ្យខេត្តនេះមានសក្តានុពលសំខាន់ក្នុងការក្លាយជាមជ្ឈមណ្ឌលផ្ទុក និងចែកចាយប្រេងឥន្ធនៈបន្ទាប់បន្សំ។ ដោយសារតែមានផែនការពង្រីកកំពង់ផែរទឹកជ្រៅ ខេត្តកំពតមានសមត្ថភាពអាចផ្ទុកធុងស្តុកប្រេងឥន្ធនៈ ឬគ្រឿងបរិក្ខារឡូជីស្ទីក ដើម្បីបម្រើទាំងវិស័យសំណង់ និងច្រករបៀងដឹកជញ្ជូនឆ្លងព្រំដែន។ ប្រការនេះនឹងជួយពង្រឹងសុវត្ថិភាពថាមពលក្នុងតំបន់ និងកំណើនឧស្សាហកម្ម ខណៈពេលដែលជួយកាត់បន្ថយការកកស្ទះកាន់តែច្រើននៅក្នុងខេត្តព្រះសីហនុ។

សក្តានុពលថាមពលកកើតឡើងវិញ

ខេត្តកំពតមានសក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ ដីទំនាបដែលទទួលពន្លឺថ្ងៃច្រើនក្នុងខេត្ត ធ្វើឱ្យខេត្តនេះសមស្របសម្រាប់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងការដំឡើងដំបូល, ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្ម និងនៅតាមខ្សែក្រវាត់ជាយក្រុងដែលកំពុងអភិវឌ្ឍន៍។ លើសពីនេះ, ភ្នំបូកគោ ដែលមានកម្ពស់ខ្ពស់ និងការទទួលលំហូរខ្យល់ពីឆ្នេរសមុទ្រ ត្រូវបានគេកំណត់ថាជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់ប្រទេសកម្ពុជា សម្រាប់ការផលិតថាមពលខ្យល់។ ការវាយតម្លៃបឋមបង្ហាញថា តំបន់ជួរភ្នំអាចទ្រទ្រង់កសិដ្ឋានខ្យល់ ដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ខេត្តកំពត បណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីតាមឆ្នេរសមុទ្រដែលមានវិសាលភាពធំ។ ប្រសិនបើត្រូវបានអភិវឌ្ឍ ថាមពលខ្យល់នៅលើបូកគោអាចក្លាយជាគម្រោងដែលអាចកកើតឡើងវិញបានដ៏សំខាន់ ដែលជួយធ្វើពិពិធកម្មថាមពលរបស់កម្ពុជា និងផ្តល់ថាមពលដល់ការអភិវឌ្ឍឧស្សាហកម្មកាបូនទាបនាពេលអនាគតនៅក្នុងខេត្ត។

ដំណោះស្រាយកាកសំណល់ទៅជាថាមពល

ការរួមបញ្ចូលគ្នានៃផលិតកម្មស៊ីម៉ងត៍, ការពង្រីកទីក្រុង និងតំបន់ទំនាបកសិកម្ម ធ្វើឱ្យខេត្តកំពតក្លាយជាបេក្ខភាពសម្រាប់គំរូថាមពលរាងជារង្វង់។ ជាឧទាហរណ៍ ឥន្ធនៈដែលបានមកពីកាកសំណល់ (RDF) អាចត្រូវបានកែច្នៃរួមគ្នានៅក្នុងឡដុតស៊ីម៉ងត៍ ខណៈជីវម៉ាសពីសំបកស្រូវ ឬសំបកដូងពីតំបន់ជនបទជុំវិញអាចប្រើសម្រាប់ដំណោះស្រាយថាមពលជីវសាស្រ្តខ្នាតតូច។ វិធីសាស្រ្តទាំងនេះផ្តល់ជូននូវអត្ថប្រយោជន៍ពីរគឺ កាត់បន្ថយសម្ពាធលើកន្លែងចាក់សំរាម និងគាំទ្រការកាត់បន្ថយកាបូនក្នុងវិស័យឧស្សាហកម្ម។

ការកែច្នៃនិងពាណិជ្ជកម្មឆ្លងព្រំដែន

ផ្អែកលើអត្ថប្រយោជន៍នៃទីតាំងយុទ្ធសាស្រ្តដែលស្ថិតនៅជិតព្រំដែនរវាងកម្ពុជានិងវៀតណាម ខេត្តកំពតមានសក្តានុពលក្នុងការអភិវឌ្ឍការកែច្នៃនិងពាណិជ្ជកម្មឆ្លងព្រំដែនដែលផ្តោតទៅលើផលិតផលកសិកម្ម។ខេត្តកំពត​នឹង​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កែច្នៃនិង​ពាណិជ្ជកម្ម​ផលិតផលដែលមានអត្ថប្រយោជន៍ទៅវិញទៅមក​។ បន្ថែមពីនេះ ខេត្តកំពត ក៏នឹងបង្កើតកិច្ចសហការជាមួយវៀតណាម​ក្នុងការកែច្នៃនិងខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈការអភិវឌ្ឍសួនឧស្សាហកម្មឆ្លងព្រំដែននិងតំបន់ភ្ជាប់ទំនាក់ទំនងដ៏ទូលំទូលាយតាមគំនិតនៃ "ប្រទេសពីរ សួនឧស្សាហកម្មភ្លោះ" (Two countries, Twin parks)។

ទីក្រុង Ha Tien ក្នុងប្រទេសវៀតណាម ដែលនៅជាប់នឹងខេត្តកំពត គឺជាដៃគូពាណិជ្ជកម្មពីមុន ជាមួយនឹងតំបន់សេដ្ឋកិច្ចច្រកទ្វារអន្តរជាតិ ដែលគ្របដណ្តប់ដោយការអភិវឌ្ឍន៍ទេសចរណ៍។ ក្រៅពីកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍ឆ្លងដែន ខេត្តកំពតនិងទីក្រុងHaTienអាចស្វែងយល់ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈការជំរុញពាណិជ្ជកម្ម។ល។

សម្ភារសំណង់

រោងចក្រស៊ីម៉ងត៍ដែលមានស្រាប់អាចផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ផលិតកម្មសម្ភារសំណង់នៅ ខេត្តកំពត។ បច្ចុប្បន្ននេះ មានរោងចក្រស៊ីម៉ងត៍ចំនួន៥ដែលកំពុងដំណើរការនៅក្នុងខេត្តកំពត ដោយមានទុនវិនិយោគសរុបប្រមាណ​៨១៤លានដុល្លារអាម៉េរិក។ ការអភិវឌ្ឍផលិតកម្មសម្ភារសំណង់ គឺដើម្បីបំពេញតម្រូវការក្នុងស្រុកនិងចូលរួមចំណែកក្នុងវិស័យសំណង់និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយការអភិវឌ្ឍបន្ថែមរបស់ខេត្តជាប់ឆ្នេរសមុទ្រ តម្រូវការសម្រាប់សម្ភារសំណង់ត្រូវពឹងថានឹងកើនឡើងយ៉ាងខ្លាំង។ ការអភិវឌ្ឍរួមគ្នានេះ នឹងបានផ្តល់ឱកាសសម្រាប់ខេត្តកំពតក្លាយជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ដ៏សំខាន់ក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រ។

ក្នុងករណីដែលការផ្គត់ផ្គង់លើសតម្រូវការនៅពេលអនាគត ខេត្តកំពតអាចប្តូរទិសទៅរកការផលិតសម្ភារសំណង់ដែលមានតម្លៃខ្ពស់ ដូចជា ប្លុកបេតុងដែលធ្វើជាមុន (precast concrete blocks)និងបេតុងដែលបានត្រៀមរួច (prefabricated concrete) ហើយសម្ភារដែលផលិតលើសអាចត្រូវបានដឹកជញ្ជូនទៅតំបន់ផ្សេងឬនឹងនាំចេញជាមួយថ្លៃដឹកជញ្ជូនទាប។

Explore more

Explore more

Explore more

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ