ចែករំលែកលើ
វិស័យកម្មន្តសាលសម្រាប់នាំចេញ ខេត្តកោះកុង
ខេត្តកោះកុងកំពុងក្លាយជាមជ្ឈមណ្ឌលកម្មន្តសាលដ៏សំខាន់, ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនាងកុក និងគីរីសាគរ។ ឧស្សាហកម្មសំខាន់រួមមាន ការកែច្នៃនិងការដំឡើង រថយន្តនិងកែច្នៃគ្រឿងបង្គុំខ្សែអគ្គិសនី, សម្ភារបរិក្ខារអេឡិចត្រូនិកនិងគ្រឿងបង្គុំសម្ភារបរិក្ខារអេឡិចត្រូនិក, កាត់ដេរសម្លៀកបំពាក់ ព្រមទាំងការអភិវឌ្ឍវារីអគ្គិសនី។ ក្រុមហ៊ុនសហគ្រាសចិនផ្គុំដំឡើងរថយន្តអគ្គិសនី មួយចំនួន បាននិងកំពុងស្វែងរកកាលានុវត្តភាពយ៉ាងសកម្ម ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត, ដែលជាសញ្ញាបង្ហាញពីសក្តានុពលនាពេលអនាគតដ៏រឹងមាំ។ ខេត្តកោះកុងមានទីតាំងយុទ្ធសាស្ត្រនៅជិតព្រំដែនថៃ បង្កើតឱកាសបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ប្រតិបត្តិការកម្មន្តសាល "ថៃ+១" ដោយផ្តល់នូវការចូលទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ មូលដ្ឋានឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកោះកុងត្រូវបានបំពេញបន្ថែមដោយវិស័យសេវាកម្ម ដែលផ្តោតលើពាណិជ្ជកម្ម និងឡូជីស្ទីក, បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនរួមគ្នា។
អាហារ និងភេសជ្ជៈ
ខេត្តកោះកុង មានសក្ដានុពលខ្លាំងក្នុងវិស័យកម្មន្តសាលសម្រាប់ម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសការកែច្នៃអាហារសមុទ្រ ផលិតផលផ្លែឈើ និងភេសជ្ជៈដប។ ជាមួយនឹងលទ្ធភាពទទួលបានធនធានសមុទ្រដ៏សម្បូរបែប, ផ្លែឈើត្រូពិច និងប្រភពទឹកស្អាត ខេត្តនេះមានទីតាំងល្អសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ ការវិនិយោគលើកន្លែងផ្ទុកត្រជាក់, កន្លែងកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វេចខ្ចប់ មានសារៈសំខាន់ណាស់ក្នុងការទាញយកតម្លៃពីធនធានក្នុងស្រុក និងការកែលម្អស្តង់ដារផលិតផលសម្រាប់ការទទួលស្គាល់ពីអន្តរជាតិ។ គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងច្រកដឹកជញ្ជូន ជាពិសេសនៅជិតព្រំដែនថៃ, ជួយលើកកម្ពស់ដល់សមត្ថភាពប្រកួតប្រជែងរបស់ខេត្តកោះកុង ក្នុងនាមជាមជ្ឈមណ្ឌលកែច្នៃ និងវេចខ្ចប់អាហារ។
គ្រឿងបន្លាស់រថយន្ត និងអេឡិចត្រូនិច
ខេត្តកោះកុងមានទីតាំងនៅជិតទៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ ធ្វើឱ្យខេត្តនេះក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ ឬការពង្រីកកម្មន្តសាលធុនស្រាលសម្រាប់រថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិច។ ជាមួយនឹងការកើនឡើងនៃការចំណាយ និងការខ្វះខាតដីក្នុងតំបន់ឧស្សាហកម្មជិតព្រំដែនរបស់ប្រទេសថៃ, ខេត្តកោះកុងផ្តល់ជូននូវមូលដ្ឋានជំនួសសម្រាប់ tier-2 និង tier-3 ដែលពាក់ព័ន្ធនឹងខ្សែកាបអគ្គិសនី, ឧបករណ៍ចាប់សញ្ញា (Sensors), ម៉ាស៊ីនចាក់ប្លាស្ទិក និងប្រតិបត្តិការដំឡើងសាមញ្ញ។ SEZ ក្នុងខេត្តកោះកុងដែលមានស្រាប់ ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ផ្តល់ជូននូវឱកាសសម្រាប់ការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន។ ជាមួយនឹងការជំរុញការវិនិយោគ និងការបង្កើនជំនាញពលកម្ម, ខេត្តកោះកុងអាចទាក់ទាញសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនអនុសាខាដែលចង់ពង្រីកប្រតិបត្តិការ ក្នុងខណៈដែលបន្តរក្សាបាននូវលទ្ធភាពចូលទៅកាន់ទីផ្សារថៃ និងអាស៊ាន។
រ៉ែមិនមែនលោហធាតុ
ខេត្តកោះកុងក៏សមស្របសម្រាប់ការផលិតផលិតផលរ៉ែមិនមែនលោហធាតុ ជាពិសេសសម្ភារសំណង់ដូចជា ស៊ីម៉ងត៍, សេរ៉ាមិច និងគ្រឿងកញ្ចក់។ ខេត្តនេះជាកន្លែងសម្បូរទៅដោយដីឥដ្ឋ, ខ្សាច់ និងវត្ថុធាតុដើមផ្សេងទៀតដែលជួយដល់ឧស្សាហកម្មទាំងនេះ។ រួមជាមួយនឹងការកើនឡើងនៃតម្រូវការពីហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅតាមឆ្នេរសមុទ្រ, នេះបង្ហាញពីឱកាសសម្រាប់ផលិតកម្មក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការបង្កើតចង្កោមឧស្សាហកម្មដែលផ្តោតលើសម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ អាចជួយបង្កើនការទាក់ទាញផ្នែកឧស្សាហកម្មរបស់ខេត្ត ដោយស្របតាមការអនុលោមតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង។